ភ្នំពេញ៖យ៉ាងហោចណាស់ ក៏មានមនុស្សបីនាក់
បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធ័មនៅក្នុងរថយន្ត និងបីនាក់ទៀត
រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់
មួយដែលបានកើតឡើង កាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២
នៅចំណុចមុខក្រុមហ៊ុនបារីសេក តាមបណ្តោយ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន
រថយន្តមួយ គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2O-2877
បើកបរដោយ បុរសម្នាក់និងអ្នករួមដំណើរបី នាក់ ផ្សេងទៀត
ធ្វើដំណើរតាមដងផ្លូវជាតិលេខ២ ចុះពីស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅពីជើង
ទៅត្បូង ពេលបើកបានជិត មួយគីឡូម៉ែត្រ ក៏បុករះអ្នកជិះម៉ូតូដឹក
បន្លែមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥
បណ្តាលឲ្យអ្នកជិះម៉ូតូពីរនាក់ប្តីប្រពន្ធដួលរងរបួសធ្ងន់ ។
ខណៈនោះរថយន្តបង្កហេតុ ដែលស្ថិតក្នុងល្បឿន លឿនដូចហោះបានជ្រុលល្បឿន
បុកដើមលឿងរាជ បាក់អស់ពីរដើមដាច់ត្រឹមគល់ ហើយរថយន្តជ្រុល ទៅបុក
ផ្ទប់និងបង្គោលស្លាកសញ្ញាបញ្ជាក់គោលដៅ របស់សាលារាជធានីភ្នំពេញ
នៅកន្លែងកើតហេតុបណ្តាល ឲ្យរថយន្ត
រួញខ្លួនរុំជាប់ជាមួយបង្គោលស្លាកសញ្ញាគៀបមនុស្សស្លាប់បីនាក់
នៅក្នុងរថយន្តគួរឲ្យរន្ធត់បំផុត ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលការិយាល័យ ជំនាញ
បានចុះវាស់វែង ស្ទូចរថយន្តយកចេញពីបង្គោល ស្លាកសញ្ញាខាងលើនេះ
ហើយលើកយកសាកសពចេញពីក្នុង រថយន្តម្តង មួយៗ ដឹកតាមរថយន្តសាមុយ
ទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារមកទទួលសព យកទៅធ្វើបុណ្យ
តាមប្រពៃណី។ ចំណែកឯរថយន្តសមត្ថកិច្ចស្ទូច យកទៅរក្សាទុកនៅការិយាល័យ
ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានអំពាវដល់យុវជនយុវនារី
ក៏ដូចជាបងប្អូន ប្រជា ពលរដ្ឋទាំងអស់មេត្តាបើកបរឲ្យមានការប្រុងប្រយ័ត្នផង
ហើយបើកបរឲ្យចេះអធ្យាស្រ័យគ្នា និងគោរពគ្នា ក្នុង ពេលបើកបរ ជាពិសេសនោះ
សូមមេត្តាបើកបរឲ្យគោរពទៅតាមច្បាប់ចរាចរណ៍ដែលបានចែង ដើម្បីជៀសវាង
កើតគ្រោះថ្នាក់ ដូចរូបភាពនិងហេតុការណ៍ខាងលើនេះ ជាដើម៕











0 comments:
Post a Comment